ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលមានប្រវែង ១៨៧,០៥
គីឡូម៉ែត្រដោយតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានបើកឲ្យពលរដ្ឋទូទៅប្រើប្រាស់ដោយមិនគិតប្រាក់រយៈពេល១ខែពេញតែម្តង។
ទាក់ទងនឹងការដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលើនេះ ក៏មានលក្ខណៈមួយចំនួន ដែលតម្រូវឲ្យអ្នកប្រើប្រាស់ផ្លូវត្រូវស្វែងយល់ផងដែរមុននឹងចរាចរណ៍លើផ្លូវនេះ ។
ថាតើការប្រើប្រាស់ល្បឿនលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុមានលក្ខខណ្ឌអ្វីខ្លះពេលយើងបើកបរ?
បើយោងតាមការបញ្ជាក់លើផេកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា លក្ខខណ្ឌមួយចំនួនដែលយើងត្រូវគួរយល់ដឹងអំពី "ការកំណត់ល្បឿនបើកបរ" នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយល្បឿនទាបបំផុត(អប្បរមា) និងលឿនបំផុត(អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចជាកម្រិតគឺ
អប្បរមា (យឺតបំផុត) ល្បឿន 60 - 120km/h សំរាប់រថយន្តគ្រួសារ/ធុនស្រាល និងអតិបរមា (លឿនបំផុត)គឺ ល្បឿន 60 - 100km/h សម្រាប់រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ និងល្បឿន 60 - 80km/h សម្រាប់រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត។
ហើយក្នុងករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាមជាកំហិត ជំនួសឲ្យគោលការណ៍ខាងលើ ខណៈករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឲ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ៕
No comments:
Post a Comment