អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ចេញគោលដៅការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ដ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ តាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា - HANG POST TV

Breaking

Monday, September 18, 2023

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ចេញគោលដៅការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ដ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ តាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមាន បានដាក់ចេញទិសដៅការងារអាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ដនៅពេលខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ឲ្យបានជាដាច់ខាត តាមការប្ដេជ្ញាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឈានទៅលុបបំបាត់បទល្មើសនេះនៅពេលខាងមុខ។


សម្រាប់ទិសដៅការងារអាទិភាព ចំនួន៥ចំណុច ដែលត្រូវបានដាក់ចេញដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖
ទី១.​ កិច្ចការងារអប់រំផ្សព្វផ្សាយ ដោយត្រូវធ្វើយ៉ាងណាឲ្យកាន់តែទូលំទូលាយ ក្នុងនោះត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ពិសេសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងរៀបចំការអប់រំណែនាំបន្ថែមផ្សេងៗ ឲ្យកាន់តែផុលផុស ដោយបូករួមទាំងការនិពន្ធចម្រៀង តែងកំណាព្យ វិញ្ញាសារសម្រាប់សិស្សប្រឡង ហើយបាញ់ឆ្ពោះត្រង់ទៅកាន់យុវជន និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។
ទី២.​ ការត្រួតពិនិត្យសារធាតុគីមីផ្សំ ដោយត្រូវរៀបចំជាបន្ទាន់នូវយន្ដការគ្រប់គ្រងសារធាតុគីមីផ្សំឲ្យបានច្បាស់លាស់។ យន្ដការទាំងនោះត្រូវធ្វើឡើងឲ្យសកម្ម ហើយមាននិរន្ដរភាព ក្នុងនោះអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង អង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ទៅនឹងការប្រើប្រាស់សារធាតុគីមីផ្សំ ដូចជា ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម, ក្រសួងឧស្សាហកម្មជាដើម។
ទី៣.​ បន្ដខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការហូរចូលគ្រឿងញៀនមកប្រទេសកម្ពុជា ក្នុងនោះទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
ទី៤.​ បន្ដខិតខំទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនក្នុងប្រទេស ដោយត្រូវប្រើប្រាស់យន្ដការដែលបង្កើតឡើងពាក់ព័ន្ធការគ្រប់គ្រងសារធាតុគីមីផ្សំ និងត្រូវត្រួតពិនិត្យតំបន់ដែលមានហានិភ័យ ដោយពួកឧក្រិដ្ឋជនលួចប្រើប្រាស់កន្លែងនោះលួចលាក់កែច្នៃផលិតគ្រឿងញៀន។ ឧទាហរណ៍៖ តំបន់ព្រៃ តំបន់ឃ្លាំងស្ដុកទំនិញ និងតំបន់ដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ជាដើម។
ទី៥.​ ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។ បច្ចុប្បន្នកន្លែងសប្បាយដ្ឋាននៅទូទាំងប្រទេស មានប្រមាណជាង១,៣០០ទីតាំង ដែលអាចសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ហើយការត្រួតពិនិត្យទីតាំងសប្បាយដ្ឋាននេះ ត្រូវបានផ្ដល់តួនាទី ភារកិច្ចជូនអង្គភាពអនុវត្តច្បាប់។

រយៈពេល០៨ខែ ដើមឆ្នាំ២០២៣ ៖​ សមត្ថកិច្ចចាប់យកសារធាតុញៀនចំនួន​ ២,៦៥៨.៥៦គីឡូក្រាម សារធាតុគីមីផ្សំចំនួន​៩១០.៨៧គីឡូក្រាម

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានបញ្ជាក់ថា គ្រាន់តែក្នុងរយៈពេល០៨ខែ ដើមឆ្នាំ២០២៣ សមត្ថកិច្ចអនុវត្តច្បាប់កម្ពុជា ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥,១៣៣ករណី ឃាត់ខ្លួនជនល្មើស ចំនួន១២,៤៩១នាក់ ចាប់យកសារធាតុញៀន ចំនួន២,៦៥៨.៥៦គីឡូក្រាម សារធាតុគីមីផ្សំចំនួន៩១០.៨៧គីឡូក្រាម រួមនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអនុវត្តបានជោគជ័យនាពេលកន្លងមក គឺដោយសារតែមានការដាក់ចេញនូវទិសដៅ និងចក្ខុវិស័យច្បាស់លាស់របស់ថ្នាក់ដឹកនាំដែលពាក់ព័ន្ធ ពិសេសសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អតីតឧបនាយករដ្ឋមន្ដ្រី និងជាអតីតប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕



No comments:

Post a Comment

Pages