ឈាមស្រែកស្បែកហៅ តៃកុងឡានដឹកដីបើកបុកមនុស្សស្លាប់ម្នាក់ របួស២នាក់លើផ្លូវជាតិលេខ៣ នៅខេត្តកំពត ក្រោយពីសំងំលាក់ខ្លួនអស់ជាច្រើនថ្ងៃ - HANG POST TV

Breaking

Friday, September 23, 2022

ឈាមស្រែកស្បែកហៅ តៃកុងឡានដឹកដីបើកបុកមនុស្សស្លាប់ម្នាក់ របួស២នាក់លើផ្លូវជាតិលេខ៣ នៅខេត្តកំពត ក្រោយពីសំងំលាក់ខ្លួនអស់ជាច្រើនថ្ងៃ

 


ខេត្តកំពត៖ ដូចពាក្យចាស់និយាយដំរីស្លាប់ទាំងមូលមិនអាចយកចង្អេមកបិទបាំងបាននោះទេ យ៉ាងណាមិញជនបង្កជាតៃកុងឡានដឹកដី ដែលបើកបរក្នុងលឿនលឿន រ៉េចង្កូតបុករថយន្តឡិចស៊ីស បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ត្រូវបានតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួន និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយពីជនបង្ករូបនេះលាក់ខ្លួនអស់រយៈពេលជាង៤០ថ្ងៃមកនេះ។

សូមបញ្ជាក់ថា ជនបង្កដែលជាអ្នកបើកបររថយន្តបែនធុនធ្ងន់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះ អ័ង ភី ហៅ អ៊ួង ភី ភេទប្រុស អាយុ២៣ឆ្នាំ កើតនៅឆ្នាំ១៩៩៩ មានឪពុកឈ្មោះ អ៊ីវ សំ ម្តាយឈ្មោះ យាន់ ស៊ូន បងស្រីឈ្មោះ អ៊ីវ ឆវ័ន្ត និងប្រពន្ធឈ្មោះ គីម ស្រីណែត មានទីលំនៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
ជនបង្ករូបនេះ ប្រកបមុខរបរតៃកុងឡានដឹកដីឲ្យថៅកែដេប៉ូឈ្មោះ អ៊ីវ ធូ​ និង​ ប្រពន្ធឈ្មោះសេម​ គន្ធី​ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៣៣A ភូមិត្រពាំងសង្កែរ ឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត។

គួរបញ្ជាក់ផងដែរថា​ កាលពីថ្ងៃទី១០​ ខែ​ សីហា​ ឆ្នាំ២០២២​ វេលាម៉ោង៤និង៣០នាទីរសៀល ជនបង្កឈ្មោះអ័ង ភី ហៅ អ៊ួង ភីរូបនេះ បានបើករថយន្តបែនដឹកដីធុនធ្ងន់ ម៉ាក​ SCANIA ក្នុងល្បឿនលឿនពីត្បូងទៅជើង ដោយវ៉ាជែងគ្រប់យានយន្តនិងយានជំនិះជាច្រើន មកដល់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣និង១៤៤ ផ្លូវជាតិលេខ៣ ភូមិបឹងតារោម ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ រថយន្តរបស់ជនបង្ក បានរេចង្កូត បុករថយន្តម៉ាក Lexus 470 ដែលកំពុងបើកបរទិសដៅបញ្ច្រាសគ្នាទាំងកម្រោល បណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ចំនួន២នាក់ ក្នុងនោះរួមមានអ្នកបើកបរម្នាក់រងរបួសធ្ងន់បាក់ដៃ៣កំណាត់ ត្រូវជាកូន ឪពុកអ្នករួមដំណើររងរបួសធ្ងន់បាក់ដៃឆ្វេងនិងបែកឆ្អឹងជំនីឈាមដកក្នុងសួត។
ក្រោយកើតហេតុភ្លាមៗជនបង្កដែលជាតៃកុងរថយន្តរូបនេះ បានគេចខ្លួនទៅផ្ទះបងស្រីរបស់ខ្លួន និងផ្ទះម្តាយឪពុក នៅភូមិវត្តអង្គ  ក្នុងឃុំកើតហេតុខាងលើ  អ្វីដែលហួសចិត្តនោះ ជនបង្ករូបនេះថែមទាំងបានបង្ហោះសារលើគណនីរបស់ខ្លួនថា (កុំខលមក!) ក្រោយពេលខ្លួនបានបង្កហេតុហើយ រួចហើយបានលុបរូបរបស់ខ្លួនលេីគណនីចោលទាំងអស់ តែនៅទាក់ទងជាមួយគ្រួសារ និងម្ចាស់ដេប៉ូតាមឆាត និងលេងcomments ជាមួយគណនីម្ចាស់ដេប៉ូឈ្មោះអីវ ធូ នៅឡេីយ។  ​ ក្រោយមកទៀត ក៏លុបគណនីចោលទាំងស្រុងតែម្តង​ បំណងចង់លាក់អត្តសញ្ញាញ​ តែទោះយ៉ាងណាក៏ដោយ​ អ្នកនៅកន្លែងកេីតហេតុ​ ដែលជិតស្និតនឹងគ្រួសារជនបង្ក​ គេស្គាល់ច្បាស់​ ហេីយបានលួចផ្តល់ដំណឹងអាថកំបាំងទាំងនេះ មកដល់គ្រួសាររងគ្រោះ​ រហូតឈានដល់មានរូបភាព​ និងភ័ស្តុតាងសំខាន់មួយចំនួនរវាងជនបង្ក និងម្ចាស់ដេប៉ូឈ្មោះអីវ ធូ ដែលជាថៅកែរថយន្តបង្កខាងលើ។

មតិមហាជនបានលើកឡើងថា ទំនងជាដោយសារមានរូបភាព និងអត្តសញ្ញាណច្បាស់ៗពេក​ រហូតផ្អេីលដល់សារព័ត៌មានចេញផ្សាយបែបនេះហេីយ ទើបបានជារឿងនេះ មិនត្រូវបានលាក់បាំងជិត រហូតមានការរិះគន់យ៉ាងខ្លាំងលើម្ចាស់ដេប៉ូដែលខំប្រឹងជួយបិទបាំងជនបង្ក និងមានមតិជាច្រើនក៏រិះគន់លើសមត្ថកិច្ចយ៉ាងចាស់ដៃផងដែរ  ដែលក្រោយពេលកើតហេតុភ្លាមៗ មិនអាចចាប់ជនបង្កបាន ហើយរកអត្តសញ្ញាណមិនឃើញថែមទៀត​ ខណៈដែលរឿងកេីតហេតុលេីដែនសម្ថកិច្ចរបស់ខ្លួន។

តែទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាង៤០ថ្ងៃមកនេះ ជនបង្កទើបតែបង្ហាញមុខ ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ និងបានបញ្ជូនបន្តទៅស្នងការដ្ឋានខេត្តកំពតភ្លាមៗ នៅល្ងាចថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ នេះ តាមដិការរបស់តុលាការខេត្តកំពត។ ការចាប់ខ្លួនជនបង្កហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី បានធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ សម្តែងការត្រេកអរយ៉ាងខ្លាំង និងសូមអរគុណដល់សមត្ថកិច្ចស្រុកទឹកឈូ ដែលបានជួយចាប់ខ្លួនជនបង្កជូនពួកគាត់ ហើយពួកគាត់ក៏បានសំណូមពរឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ​  មេត្តាជួយដោះស្រាយសំណុំរឿងនេះ ជូនគ្រួសាររបស់ពួកគាត់បន្តទៀត​ ដោយភាពយុត្តិធម៌ និងតម្លាភាពផងចុះ​ ក្នុងនាមពួកគាត់ដែលជាជនរងគ្រោះ​ ដែលត្រូវទទួលបានការការពារដោយច្បាប់។



No comments:

Post a Comment

Pages