សំណេះសំណាលជាមួយមន្ត្រីរាជការមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធសាលាខេត្តកែប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប - HANG POST TV

Breaking

Saturday, September 24, 2022

សំណេះសំណាលជាមួយមន្ត្រីរាជការមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធសាលាខេត្តកែប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប


ខេត្តកែប៖នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ មានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជមន្ត្រីជាប់កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធសាលាខេត្តកែប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុប១១៨រូប។
​  មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរចំពោះបងប្អូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញភារកិច្ចអស់ពីសមត្ថភាព ក្នុងជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទី គាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ពីច្រើនមកតិច និងរហូតដល់អស់។
​  ឯកឧត្តមបានបញ្ជាក់បន្ថែមថា ខ្ញុំក៏សូមយកឱកាសនៃការជួបជុំគ្នានៅថ្ងៃនេះ សំណូមពរដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងមានភាពម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ក្នុងនោះផងដែរ ក៏សូមស្នើឱ្យមន្ត្រីយើងម្នាក់ៗខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានបទពិសោធន៍ការងារមុនៗ ហើយក៏សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ឬក៏អាចនិយាយបានថា អ្នកចេះបង្រៀនអ្នកមិនចេះហើយអ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់យកចំណេះដឹងពីអ្នកចេះ។
​  ជាមួយគ្នានេះ​ ឯកឧត្តមអភិបាលខេត្ត​ បានស្នើឲ្យមន្ត្រីទាំងអស់ចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីសុខមាលភាព សុខភាពរបស់យើងក៏ដូចជាក្រុមគ្រួសារ និងសហគមន៍យើង និងសូមអំពាវនាវដល់ដល់មន្ត្រីរាជការទាំងអស់ត្រូវធ្វើជាគំរូ​ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវទៅពិនិត្យបញ្ជីឈ្មោះ​ និងចុះឈ្មោះបោះឆ្នោត​ ដើម្បីត្រៀមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ នាពេលខាងមុខផងដែរ។
​  ជាចុងក្រោយ​ ឯកឧត្តម​ អភិបាលខេត្ត បានបួងសួងវត្ថុស័ក្កិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តកែប​ សូមទទួលបានសេចក្តីសុខ​ សេចក្តីចម្រើន សុវត្ថិភាពក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងបានផ្ដល់ថវិការក្នុងម្នាក់ៗ ៥០០០០រៀល​ ទឹកក្រូចមួយកេះ និងមីមួយកេះផងដែរ៕

No comments:

Post a Comment

Pages