បាត់ខ្លួនមនុស្ស៣នាក់ ក្រោយបើករថយន្តធ្លាក់ជ្រោះ នៅខាងក្រោមទំនប់វារីអគ្គីសនីកំចាយ ខេត្តកំពត - HANG POST TV

Breaking

Thursday, September 29, 2022

បាត់ខ្លួនមនុស្ស៣នាក់ ក្រោយបើករថយន្តធ្លាក់ជ្រោះ នៅខាងក្រោមទំនប់វារីអគ្គីសនីកំចាយ ខេត្តកំពត


ខេត្តកំពត៖ បុរសបីនាក់បានបាត់ខ្លួន ក្នុងនោះមានជនជាតិចិនពីរនាក់ ក្រោយជិះរថយន្តតូរីសពណ៌សមួយគ្រឿង បើកធ្លាក់ជ្រោះ នៅចំណុចក្រោមទំនប់វារីអគ្គិសនីកំចាយ ចំងាយ ១៥០ម៉ែត្រ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។


យោងតាមការឱ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ថា ហេតុការគ្រោះថ្នាក់ធ្លាក់រថយន្តនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២២:០០នាទី ដោយរថយន្តបានលិចបាត់នៅក្នុងទឹក ខណៈពេលនោះទឹកក្នុងទំនប់វារីអគ្គិសនីកំពុងមានការកើនឡើង។ ក្រោយពីទទួលបានព័ត៌មានរហូតមកដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ទើបប្រទះឃើញរថយន្តនៅខាងក្រោមកន្លែងកើតហេតុចំងាយប្រហែល ៥០០ម៉ែត្រ ចំណែកឯមនុស្សនៅបាត់ខ្លួន។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា រថយន្តដែលជួបគ្រោះថ្នាក់នេះម៉ាកតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AH-8437 បើកបរដោយឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយមានអ្នករួមដំណើរជាជនជាតិចិនពីរនាក់ ឈ្មោះ Li Zhen ភេទប្រុស ឆ្នាំកំណើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩៩ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ1886446 និងឈ្មោះ Xiong Erpi ភេទប្រុស ឆ្នាំកំណើតថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ274941 អ្នកទាំងបីត្រូវបានបាត់ខ្លួន។

ក្នុងប្រតិបត្តិការរុករកករណីនេះ ដឹកនាំដោយ លោក អុឹម​ ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ហើយលោកអភិបាលស្រុកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្លាំងសមត្តិកិច្ច អាជ្ញាធរស្រុក កំពុងបន្តប្រតិបត្តិការណ៍ស្វែងរកបុរសទាំងបីនាក់នៅឡើយទេ ដោយមិនដឹងថាស្លាប់ឬនៅរស់នោះទេ៕

No comments:

Post a Comment

Pages