ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ បន្ទាប់ពីអុចធូបទទួលទេវត្តាឆ្នាំថ្មីរួច ផ្ទះសិប្បកម្មដែកមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ ហេតុការណ៍នេះ បាន កើតឡើង កាលពីវេលាម៉ោង៥បិង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចកែងមិត្តភាព ដែលស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីម្ចាស់ផ្ទះបានរៀបរាប់ថា មុនពេលកើតហេតុខ្លួននិងក្រុមគ្រួសារបាន អុចធូបទទួលទេវត្តាឆ្នាំថ្មីរួច ខ្លួនបានពន្លត់ធូបទៀនរួចអស់ហើយ តែមិនបានបិទគប់ភ្លើងនោះទេ រួចចេញមកផ្ទះអ្នកជិតខាងដើម្បីមកជួបជុំគ្នាកំសាន្តលេងថ្ងៃចូលឆ្នាំ ស្រាប់តែមានផ្សែងនិងអណ្តាតភ្លើងឆាបឆេះតែម្តង សង្ស័យឆ្លងចរន្តអគ្គីសនី។
ពេលអគ្គីភ័យកំពុងឆាបឆេះ លោក ង៉ោម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត លោកនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ បានដឹកនាំកងកម្លាំងចម្រុះ រួមសហការជាមួយប្រជាពលរដ្ឋយករថយន្តពន្លត់អគ្គីភ័យប្រមាណជា៥គ្រឿង ចោះទម្លោះស័ង្កសី ឆ្វេងស្តាំ និងបាញ់ផ្នែកខាងមុខ ចូលបាញ់ពន្លត់ រយៈពេលប្រមាណ៤០នាទី អគ្គីភ័យបានរលត់ទាំងស្រុង។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យឆាបឆេះ នៅផ្ទះសិប្បកម្មដែកខាងលើនេះ មានទំហំ៨ម៉ែត្រ គុណ២០ម៉ែត្រ ឆេះខូចខាតសម្ភារៈសិប្បកម្មមួយចំនួន និងពូកខ្នើយ សម្ភារៈនៅកន្លែងដេកមួយចំនួនទៀត មិនបង្កឲ្យឆ្លងទៅផ្ទះអ្នកជិតខាង និងមិនមានអ្នកណាម្នាក់រងរបួសនោះទេ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅទីជិតទីឆ្លាយ សូមពន្លត់ធូបទាន និងបិទគប់ភ្លើង និងចាក់សោរបិទទ្វារឲ្យបានត្រឹមត្រូវចៀសវាងកើតមានហានីភ័យផ្សេងៗ នៅពេលបើកបរសូមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ...៕
(រាយការណ៍ព័ត៌មាន ដោយលោកសាវុ នHPNអ្នកយកព័ត៌មានប្រចាំខេត្តបន្ទាយមានជ័យ.)
No comments:
Post a Comment